ព្រះជីវប្រវត្តិរបស់ព្រះបាទសម្ដេចនរោត្តមសីហនុ

   សម្តេចព្រះបាទ នរោត្តម សីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី១១កើត ខែកត្តិក ឆ្នាំច ចត្វាស័កពុទ្ធសករាជ ២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ វេលាម៉ោង ១៩គត់ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះបាទ នរោត្តម សីហនុ ជាបុត្ររបស់ព្រះបាទនរោត្តមសុរាម្រិត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន សិរីវឌ្ឍនា។
   ទ្រង់បានឡើងសោយរាជ្យបន្ដពីព្រះបាទ ស៊ីសុវត្ថិមុនីវង្ស នៅថ្ងៃទី ២៣ មេសា ១៩៤១ ហើយអភិសេកជាព្រះចៅក្រុងកម្ពុជាលើកទី១ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៤១ ក្នុងជន្មាយុ ១៩ ព្រះវស្សា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ១៩៥៥ បានដាក់រាជ្យថ្វាយព្រះបិតាព្រះករុណាព្រះបាទ នរោត្តម សុរាម្រិត ហើយបានឡើងសោយរាជ្យលើកទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រីឯថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទ នរោត្តម សីហនុ បានសព្វព្រះរាជហឫទ័យយាងចូលនិវត្តន៍។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិបានកោះប្រជុំ និងបោះឆ្នោតជាឯកច្ឆ័នជ្រើសរើសព្រះករុណាសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា។
   ព្រះបាទនរោត្តម សីហនុ មានព្រះគោរម្យងារថាជា "ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ" (កាលព្រះអង្គទ្រង់នៅមានព្រះជន្ម)។
   ព្រះបាទនរោត្តម សីហនុ ទ្រង់បានយាងចូលព្រះទីវង្គត នៅថ្ងៃទី ១៥ រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងយប់ថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០នាទី ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធ។
   បន្ទាប់ពីតម្កល់ព្រះបរមសព អស់រយៈពេល ៤៦ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ព្រះមហាក្សត្រទ្រង់បានព្រះរាជទាន ព្រះគោរមងារ ចំពោះព្រះបរមបច្ឆាមរណនាម ដល់ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ជា "ព្រះបរមរតនកោដ្ឋ" ជាផ្លូវការនៅព្រះបរមរាជវាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២។ សំ ប៉ុនណា

No comments

Powered by Blogger.