អវតារទាំង ១០ របស់ព្រះវិស្ណុ


នៅក្នុងលទ្ធិព្រហ្មញ្ញសាសនា មានទេវកថាជាច្រើនដែលស្តីអំពីអវតារបស់ព្រះវិស្ណុ ចុះមកកាន់ផែនដីដើម្បីរំដោះទុក្ខដល់មនុស្ស សត្វ និងរុក្ខជាតិទាំងឡាយដែលជួបប្រទះ ហើយធ្វើការបង្ក្រាបរាល់អំពើអាក្រក់ផ្សេងៗដែលបង្កឡើងដោយទំនាយរបស់ ឥសីភរកៈ ឬពួកអសុរៈ។ អវតារទាំង១០របស់ព្រះវិស្ណុ រួមមាន៖


១. ត្រីមត្សតៈ ជួយមនុស្សឲ្យរួចអំពីគ្រោះភ័យនៃទឹកជំនន់ដែលបង្កើតឡើងដោយយក្សមួយឈ្មោះ ហយគ្រីវៈ។

២. អណ្តើក កុម៍ ជួយធ្វើជាកំណល់ភ្នំនៅពេលដែលពួកយក្ស និងពួកទេវតានាំគ្នាទាញនាគមួយឈ្មោះ វាសុគី ម្ខាងម្នាក់ដើម្បីបង្វិលភ្នំ មន្ទរៈ កូរសមុទ្រទឹកដោះយកទឹកអម្រឹតដែលផឹកទៅអាចធ្វើអោយមានជីវិតអមតៈ។

៣. ជ្រូកព្រៃ វរាហៈ ជួយមនុស្សឲ្យផុតពីការបៀតបៀនរបស់យក្សឈ្មោះ ហិរណៈ ដែលបានលួចយកផែនដីទៅដាក់នៅផ្នែកម្ខាងចុងបំផុតនៃចក្រវាឡឆ្ងាយពីព្រះអាទិត្យ និងព្រះច័ន្ទ។

៤. មនុស្សសិង្ហ នរៈសិង្ហ ដោយសម្លាប់យក្សមួយឈ្មោះ ហិរណៈយក្សស៊ីពូ (ដែលជាប្អូនរបស់ ហិរណៈយក្ស) ដែលបានទទួលពរពីព្រះព្រហ្មសឲ្យខ្លួនគេមានមហិទ្ធិឬទ្ធិខ្លាំងពូកែគ្មាននរណាអាចសម្លាប់បាន។

៥. មនុស្សតឿ វាមនៈ បានមកជួយស្រោចស្រង់មនុស្ស សត្វ ឲ្យផុតអំពីការប៉ុនប៉ងរបស់យក្សកំណាចម្នាក់ឈ្មោះ ក្រុងពាលី ដែលមានបំណងចង់គ្រប់គ្រងផែនដី រួមនឹងធ្វើទុក្ខបុកម្នេញដល់មនុស្ស។

៦. មនុស្ស បរសុរាម កាន់ពូថៅទិព្វដែលជាអំណោយពីព្រះសិវសម្រាប់ជួយមនុស្សឲ្យរួចចាកផុតអំពីការសង្កត់សង្កិន និងការធ្វើបាបរបស់ស្តេចកំណាចម្នាក់ឈ្មោះ កាត៌វិរ្យ (ឯកសារខ្លះរៀបរាប់ថា កាត៌វិរ្យ ជាអសុរៈដ៏កំណាចម្នាក់ដែលមានដៃ១០០០)។

៧. ព្រះរាម ជាស្តេចក្នុងរឿងរាមាយណៈ មានមុខងារបង្ក្រាបពួកអសុរៈ ការពារមនុស្សស្លូតត្រង់ និងអ្នកកាន់សាសនាព្រាហ្មណ៍។

៨. មនុស្សខ្មៅ ក្រឹស្ណៈ ជួយអ្នកឃ្វាលគោឲ្យផុតពីមហន្តរាយដូចជា ភ្លៀង ផ្គរ រន្ទះ ដោយលើកភ្នំធ្វើជាឆ័ត្រដើម្បីបាំងដល់អ្នកគង្វាលទាំងនោះ។ គ្រឹស្ណៈ បានធ្វើការប្រយុទ្ធបង្រ្កាបស្តេចនាគមួយឈ្មោះ កាល្យៈ។ ហើយមានរឿងនិទានជាច្រើនទៀតដែលដំណាលរៀបរាប់ទាក់ទងនឹងក្រឹស្ណៈ។

៩. ព្រះពុទ្ធ គឺជាព្រះសមណគោតមដែលជាព្រះគ្រូដ៏ល្បីល្បាញ និងជាអ្នកបង្កើតព្រះពុទ្ធសាសនា។ ពេលដែលព្រះពុទ្ធសាសនាបាននឹងកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ពួកព្រាហ្មណ៍និយមនៅប្រទេសឥណ្ឌានាសម័យនោះ មានការភ័យខ្លាចក្រែងព្រះពុទ្ធសាសនាអាចរីកចំរើនជាងព្រហ្មញ្ញសាសនា ពួកគេក៏បានបង្កើតនូវទស្សនៈថា ព្រះពុទ្ធគឺជាអវតាររបស់ព្រះវិស្ណុ ដែលចុះមកចាប់កំណើតលើកផែនដីជាព្រះសមណគោតម មាននាទីជួយដាស់តឿនមនុស្សឲ្យស្គាល់ល្អ ស្គាល់អាក្រក់ ជឿទៅលើការធ្វើបុណ្យ និងជៀសវាងនូវអំពើបាប មានការសម្លាប់សត្វជាដើម។ ពួកព្រាហ្មណ៍និយមបានបញ្ចូលព្រះពុទ្ធ ឲ្យទៅជាអរតាររបស់ព្រះវិស្ណុ ពីព្រោះពួកគេយល់ឃើញថា ព្រះពុទ្ធមានឥទ្ធិពលខ្លាំងក្លា មានឈ្មោះល្បីល្បាញដែលអាចចាត់ទុកជាមធ្យោបាយមួយដើម្បីទាក់ទាញក្រុមពុទ្ធសាសនិកជន ឲ្យមានជំនឿបែរមកគោរពបូជា ព្រហ្មញ្ញសាសនានិកាយវិស្ណុនិយមវិញ.

១០. កល្កិន ជាមនុស្សដែលមានក្បាលជាសេះ ជាអវតារនៅក្នុងថ្ងៃអនាគតត្រៀមនឹងចុះមកជួយមនុស្សក្នុងការរៀបចំយុគថ្មីមួយទៀតដ៏ល្អបរិសុទ្ធមានឈ្មោះថា យុគមាស។

No comments

Powered by Blogger.